ប្រាសាទបាភួន

ប្រាសាទបាភួន គឺជាប្រាសាទភ្នំតំណាងឱ្យភ្នំសុមេរុ ដែលជាទេវស្ថានរបស់ព្រះឥសូរ។ ប្រាសាទនេះមានឈ្មោះដើមហៅថា “ត្រីភូវនចូនាមណី” ដែលក្រោយមកឈ្មោះនេះនៅសល់តែពាក្យ “ភូវុន” ក្លាយជា “ភុន” ឬ “ភួន” វិញ។ ពាក្យ “ភុវន” មានន័យថា ”អ្នកដែលគ្រប់គ្រងលើភពទាំងបី”។ នៅចំពីមុខប្រាសាទបែរទៅទិសខាងកើត មានស្ពានដើរចូលវែង ទំហំ២០០ម៉ែត្រ x ២.៥០ម៉ែត្រ ទ្រដោយសសរមូលចំនួន ៥៤៧ដើម។ ស្ពាន​នេះ​ត្រូវ​បាន​សាង​សង់​ឡើង​ដើម្បី​តំណាង​ឱ្យ​ផ្លូវ​ពីឋានមនុស្ស​ទៅ​កាន់​ឋាន​សួគ៌។ នៅ​ខាង​ឆ្វេងនៃ​ស្ពាន​មាន​ស្រះ​មួយ​ទំហំ ៣៧ម៉ែត្រx២៨ម៉ែត្រ លម្អដោយកាំជណ្តើរធ្វើអំពីថ្មភក់។

ប្រាសាទបាភួនជាពីរ៉ាមីតដ៏ធំមួយដោយមានកំពស់៣៥ម៉ែត្រ ដែលចែកចេញជាបីជាន់ កសាង់ឡើងដោយព្រះបាទឧទយាទិត្យវរ្ម័នទី២នៅស.វ.ទី១១ ដើម្បីតម្កល់ឧទ្ទិសដល់លិង្គនៅជាន់លើបង្អស់។ អ្នកជំនាញធំៗដែលធ្លាប់បានស្រោចស្រង់ប្រាសាទនេះក្នុងលក្ខណៈជាសង្គ្រោះបន្ទាន់ក្តី ឬជួសជុលក្នុងបំណងឲ្យបានយូរអង្វែងនៅតាមទីដែលរលំខ្លះក្តី សុទ្ធសឹងយល់ស្របគ្នាថា វិស្វកម្មដែលប្រើក្នុងការកសាងប្រាសាទជាលើកដំបូងមានវិការៈដោយសារគិតមិនដល់តាំងពីដើមទី។ ក្នុងប្រវត្តិនៃការជួសជុលរមណីយដ្ឋានអង្គរទាំងអម្បាលម៉ាន គឺប្រាសាទបាភួននេះទទួលការជួសជុលច្រើនលើកហើយធំធេងវែងឆ្ងាយជាងគេ។ បើរាប់តែកម្មវិធីជួសជុលចុងក្រោយធំបង្អស់គឺចាប់ផ្តើមនៅទសវត្ស១៩៦០ អស់ច្រើនឆ្នាំហើយផ្អាកមួយរយៈវែង ទើបចាប់ផ្តើមបន្តមកទៀតនៅឆ្នាំ១៩៩៥អស់រយៈពេលប្រមាណ១៤ឆ្នាំទៀត។

បើកុំនិយាយពីហោជាងនិងផ្តែរនានា ចម្លាក់ជាក្បាច់ក្រឡោតតែងតែបង្ហាញក្នុងស៊ុមដាច់ចេញពីគ្នាដោយមានរឿងខុសៗគ្នា។ ជួនកាលរូបនោះរំលេចឈុតណាមួយនៃទេពកថាដែលយើងស្គាល់ ខ្លះទៀតបង្ហាញពីទិដ្ឋភាពផ្សេងៗនៃការរស់នៅប្រចាំថ្ងៃនៃប្រជាជនសាមញ្ញ។ ប៉ុន្តែជាញឹកញយដែរ គេប្រទះឃើញរូបប្លែកៗដែលលំបាកនឹងបកស្រាយថាអ្នកឆ្លាក់ចង់បង្ហាញពីអ្វី។

ការឧទ្ទិសទៅព្រះឥសូរដែលជាន័យដើមនៃប្រាសាទនេះ គេបោះបង់ចោលជាស្ថាពរនៅស.វ.ទី១៦ ដើម្បីងាកទៅរកព្រះពុទ្ធសាសនាពេញទី។ នៅជំនាន់នោះគេរៀបចំឡើងវិញនូវថ្មជាច្រើនរាប់មិនអស់ដែលរលំធ្លាក់មកពីជាន់ទី២ នៅផ្នែកខាងលិច ឲ្យទៅជារូបព្រះពុទ្ធអង្គចូលនិព្វានប្រវែងជាង៦០ម៉ែត្រ។ នៅសម័យនោះហើយដែលប្រាសាទបាភួនថ្កុំថ្កើងឡើងវិញមួយរយៈពេលជាថ្មីទៀត។ ការកែប្រែស្ថាបត្យកម្មដើមមកឲ្យបម្រើសាសនាថ្មីក្នុងកម្រិតធំធេងបែបនេះ មានតែនៅភ្នំបាខែងដែលនៅខាងត្បូងបរិវេណអង្គរធំនេះទេដែលអាចប្រៀបគ្នាបាន៕

អត្ថបទ÷ នាយកដ្ឋាន ស្រាវជ្រាវ បណ្ដុះបណ្ដាល និងផ្សព្វផ្សាយ រូបភាព÷ ជា វណ្ណៈ ប្រភព: https://apsaraauthority.gov.kh/