សម្ដេចតេជោ ហ៊ុន សែន អញ្ជើញក្នុងពិធីទទួលវត្ថុបុរាណខែ្មរដែលបានប្រគល់ជូនព្រះរាជាណាចក្រកម្ពុជាវិញ

នៅព្រឹក ថ្ងៃសុក្រ ១១រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីទទួលវត្ថុបុរាណខ្មែរដែលបានប្រគល់ជូនព្រះរាជាណាចក្រកម្ពុជាវិញ។ សម្តេចតេជោក៏អំពាវនាវផងដែរដល់អ្នកដែលកំពុងកាន់កាប់រតនវត្ថុរបស់ខ្មែរមួយចំនួនទៀត សូមប្រគល់មកឱ្យខ្មែរវិញ។

ជាកិច្ចចាប់ផ្ដើមថ្លែងនូវសុន្ទកថា សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ទៅកាន់អង្គពិធីថា ពិធីទទួលវត្ថុបុរាណត្រឡប់មកកម្ពុជាវិញនាថ្ងៃនេះ គឺជាព្រឹត្តិការណ៍មានអត្ថន័យដ៏ឧត្តុង្គឧត្តម មិនមែនសម្រាប់តែប្រជាជនកម្ពុជា ដែលជាម្ចាស់ដើមពិតប្រាកដនៃសម្បត្តិវប្បធម៌នោះទេ ប៉ុន្តែក៏បានឆ្លុះបញ្ចាំងឱ្យឃើញអំពីសារៈសំខាន់ នៃកិច្ចសហប្រតិបត្តិការដ៏ល្អជាមួយប្រទេសនានា និងការខិតខំប្រឹងប្រែងរបស់សហគមន៍ អន្តរជាតិនៅក្នុងយុទ្ធនាការសកលប្រយុទ្ធទប់ស្កាត់អំពើចោរកម្ម ការចរាចរ និងការជួញដូរខុសច្បាប់នៃសម្បត្តិវប្បធម៌ ដើម្បីជាឧត្តមប្រយោជន៍សម្រាប់មនុស្សជាតិទាំងមូលទៀតផង។

សម្តេចតេជោនាយករដ្ឋមន្ត្រីក៏បាន ថ្លែងអំណរគុណដល់រដ្ឋាភិបាល និងអាជ្ញាធរសហរដ្ឋអាមេរិក ចំពោះការផ្តល់កិច្ចសហប្រតិបត្តិការយ៉ាងល្អក្នុងការទប់ស្កាត់ និងបញ្ជូនត្រឡប់មកវិញ នូវសម្បត្តិវប្បធម៌របស់ខ្មែរ និងសម្តែងការកោតសរសើរដល់រាជរដ្ឋាភិបាលចក្រភពអង់គ្លេស សមត្ថកិច្ចពាក់ព័ន្ធ និងស្ថានទូតចក្រភពអង់គ្លេស ប្រចាំនៅកម្ពុជា ដែលថ្មីៗនេះបានសហការដ៏ល្អប្រសើរ និងជួយសម្របសម្រួលក្នុងការបញ្ជូនរូបចម្លាក់ និងគ្រឿងអលង្ការ បុរាណខ្មែរត្រឡប់មកកម្ពុជាវិញ។

តាម​សេចក្តី​ជូន​ដំណឹង​របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្ប: វត្ថុបុរាណដែលទទួលបានមកវិញនេះ គឺជាមរតកវប្បធម៌ជាតិដ៏មានតម្លៃពុំអាចកាត់ថ្លៃបាន និងជាព្រលឹងដូចតាខ្មែរជាច្រើនជំនាន់ ដែលត្រូវបានគេលួចនាំចេញដោយខុសច្បាប់ទៅក្រៅប្រទេស នៅក្នុងអំឡុងនៃសង្គ្រាម ស៊ីវិលរ៉ាំរ៉ៃ និងអសន្តិសុខ ដែលបានកើតឡើងនៅកម្ពុជានាពេលកន្លងទៅនេះ។ តាមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចតេជោ ហ៊ុន សែន “នយោបាយឈ្នះ-ឈ្នះ” បាននាំមកនូវសន្តិភាព និងផ្តល់ឱកាសដ៏កម្រមានដល់ប្រទេសកម្ពុជា ដើម្បីធ្វើឱ្យវត្ថុបុរាណដ៏មានតម្លៃ ទទួលបានមកវិញដល់មាតុភូមិ។

សេចក្តីជូនដំណឹងបានបញ្ជាក់ថា យោងតាមកិច្ចព្រមព្រៀងដែលបានសម្រេចកាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ ២០២០ រវាងក្រសួងវប្បធម៌ និងវិចិត្រសិល្ប: និងគ្រួសារអ្នកប្រមូលជនជាតិអង់គ្លេស Douglas Latchford វត្ថុបុរាណវប្បធម៌ខ្មែរទាំងអស់ដែលកាន់កាប់ដោយគ្រួសារ Latchford នឹងត្រូវប្រគល់មកកម្ពុជាវិញ។

មានសេចក្តីរាយការណ៍មកថា វត្ថុបុរាណខ្មែរទាំងអស់ដែលប្រមូលបានដោយអ្នកប្រមូលជនជាតិអង់គ្លេសឈ្មោះ Douglas Ratchford ត្រូវបានប្រគល់មកកម្ពុជាវិញហើយ ហើយពិធីប្រគល់ជូនវិញដែលធ្វើឡើងលើកនេះគឺជាបាច់ចុងក្រោយ។ វត្ថុបុរាណទាំង ៧៧ រួមមានគ្រឿងអលង្ការមាស និងដែករបស់ខ្មែរបុរាណ រូបបដិមាព្រះពុទ្ធ និងហិណ្ឌូ ព្រមទាំងគ្រឿងអលង្ការ និងរូបចម្លាក់ថ្មពីសម័យមុនអង្គរ និងសម័យអង្គរ។