នៅល្ងាចថ្ងៃទី១៣ ខែធ្នូ “សេចក្ដីស្រឡាញ់ដ៏ធំធេងរបស់ខ្មែរ——រាត្រីសមោសរសប្បុរសធម៌” ត្រូវបានប្រារព្ធឡើងយ៉ាងឧឡារិកនៅប្រាសាទបាភួន ក្នុងក្រុងសៀមរាប ដែលជាទីក្រុងវប្បធម៌ប្រវត្តិសាស្ត្ររបស់កម្ពុជា។ ព្រឹត្តិការណ៍នេះត្រូវបានសហការរៀបចំដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សមាគមក្រុមប្រឹក្សាវប្បធម៌ឌីជីថលអង្គរ និងមូលនិធិ ឌីភីប៊ី។
លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោកឧកញ៉ា តឹង ភីពីង ប្រធានសមាគមក្រុមប្រឹក្សាវប្បធម៌ឌីជីថលអង្គរ និងអង្គការមូលនិធិ ឌីភីប៊ី រួមជាមួយនឹងសប្បុរសជនជាច្រើនរូបមកពីវិស័យនានាក្នុងប្រទេសកម្ពុជា បានអញ្ជើញចូលរួមក្នុងព្រឹត្តិការណ៍រាត្រីសមោសរសប្បុរសធម៌ដោយសេចក្តីស្រឡាញ់ពេញបេះដូង និងទំនួលខុសត្រូវសង្គម។ ដោយជួបជុំគ្នានៅក្នុងប្រាសាទប្រកបដោយវប្បធម៌ និងប្រវត្តិសាស្ត្រខ្មែរនេះ សប្បុរសជនមកពីវិស័យនយោបាយនិងពាណិជ្ជកម្ម ចូលរួមចំណែកក្នុងសប្បុរសធម៌ជាតិខ្មែរ។
លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានថ្លែងក្នុងសុន្ទរកថា៖ “សេចក្ដីស្រឡាញ់ដ៏ធំធេងរបស់ខ្មែរ——រាត្រីសមោសរសប្បុរសធម៌” បានគោរពចំពោះវប្បធម៌ប្រពៃណីខ្មែរ ដែលជាវេទិកាដ៏ល្អសម្រាប់បង្ហាញនូវក្តីស្រឡាញ់ដ៏អស្ចារ្យពីគ្រប់មជ្ឈដ្ឋានក្នុងសង្គម។ លោកជំទាវបានលើកទឹកចិត្តដល់សប្បុរសជនពីគ្រប់មជ្ឈដ្ឋាន ដើម្បីរៃអង្គាសថវិកាចំពោះមន្ទីរពេទ្យកុមារក្នុងប្រទេសកម្ពុជា សម្រាប់ទិញឱសថ និងថ្នាំចាំបាច់។
លោកឧកញ៉ា តឹង ភីពីង ប្រធានសមាគមក្រុមប្រឹក្សាវប្បធម៌ឌីជីថលអង្គរ និងអង្គការមូលនិធិ ឌីភីប៊ី បានគូសបញ្ជាក់នៅក្នុងសុន្ទរកថា៖ “យើងដាក់ការបន្សល់ទុកវប្បធម៌ខ្មែរ និងការបំពេញទំនួលខុសត្រូវសង្គមរួមគ្នា ដើម្បីបង្កើតជាចំណងដ៏រឹងមាំសម្រាប់ភាពសុខដុមរមនា និងសេចក្តីសុខនៅក្នុងសង្គមនៃប្រទេសកម្ពុជា។” លោកឧកញ៉ាក៏បានបន្ថែមថា៖ “សុខភាពកុមារមានសារៈសំខាន់ដោយផ្ទាល់ចំពោះអនាគតនៃប្រទេស។ តាមស្ថិតិបង្ហាញថា កុមារកម្ពុជាជាច្រើននៅតែរស់នៅក្រោមខ្សែបន្ទាត់ភាពក្រីក្ររបស់ជាតិ។ នៅពេលដែលកុមារឈឺ គ្រួសារភាគច្រើនមិនមានលទ្ធភាពចំណាយលើថ្លៃព្យាបាលខ្ពស់ទេ ដែលធ្វើឱ្យមិនមានវិធីព្យាបាលទាន់ពេលវេលា និងមានប្រសិទ្ធភាព។ ក្នុងនាមជាសមាជិកនៃសង្គមនេះ ដែលយើងអាចទទួលសន្តិភាព និងស្ថិរភាពបាន យើងមានកាតព្វកិច្ចក្នុងការផ្តល់ការគាំទ្រ។ រាល់ការបរិច្ចាគគឺជាការរួមចំណែកដោយមិនគិតតែពីខ្លួនឯងសម្រាប់សង្គមនៃប្រទេសកម្ពុជា ជាការអនុវត្តទំនួលខុសត្រូវសង្គម និងការវិនិយោគក្នុងវិស័យសុខាភិបាល និងវេជ្ជសាស្ត្ររបស់កម្ពុជា។ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងស្មោះចំពោះទឹកចិត្តសប្បុរស និងក្តីស្រឡាញ់របស់សប្បុរសជនទាំងអស់។”
“សេចក្ដីស្រឡាញ់ដ៏ធំធេងរបស់ខ្មែរ——រាត្រីសមោសរសប្បុរសធម៌” បានរៀបចំកម្មវិធីសម្តែងនៃប្រពៃណី វប្បធម៌ និងសិល្បៈខ្មែរ ដែលរួមបញ្ចូលគ្នានៃវប្បធម៌ទាន់សម័យ ក្នុងនោះភ្ញៀវអាចទស្សនាសំលៀកបំពាក់ជនជាតិខ្មែរដ៏ប្រណិតរបស់អ្នករាំ ចលនារបាំដ៏ប្រណិត និងការសម្តែងច្រៀងដោយស្មោះអស់ពីចិត្ត ដែលបង្ហាញយ៉ាងពេញលេញនូវភាពទាក់ទាញពិសេស និងអត្ថន័យយ៉ាងជ្រាលជ្រៅនៃវប្បធម៌ខ្មែរ។
ក្រៅពីនេះទៀត កម្មវិធីបង្ហាញឈុតសម្លៀកបំពាក់សហសម័យដែលច្នៃបង្កើតថ្មីត្រូវបានរៀបចំយ៉ាងពិសេសដែរ។ អ្នករចនាវ័យក្មេងបានបកស្រាយភាពប្រពៃណីដោយទស្សនវិស័យទំនើប ដែលបានបង្ហាញពីខ្លឹមសារដ៏ជ្រាលជ្រៅនៃវប្បធម៌ខ្មែរ។ ក្នុងរាត្រីសមោសរសប្បុរសធម៌ ដែលប្រកបដោយបរិយាកាវប្បធម៌ប្រពៃណី និងសសិល្បៈដ៏សម្បូរបែប បានឃើញការរួមចំណែកដ៏សប្បុរស និងសេចក្តីសប្បុរសរបស់អ្នកចូលរួម ដែលនឹងជំរុញដោយផ្ទាល់ដល់ការអភិវឌ្ឍន៍សុខភាពកុមារនៅកម្ពុជា។
សមាគមក្រុមប្រឹក្សាវប្បធម៌ឌីជីថលអង្គរ ដែលជាអ្នករៀបចំ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០២២ បានរៀបចំព្រឹត្តិការណ៍ជាច្រើនដោយជោគជ័យ រួមទាំង “ព្រឹត្តិការណ៍សម្តែងសិល្បៈវប្បធម៌កម្ពុជា-ចក្រភពអង់គ្លេស ដំបូងគេប្រចាំឆ្នាំ២០២៣” ដែលជំរុញការផ្លាស់ប្តូរសិល្បៈរវាងបូព៌ា និងលោកខាងលិច។ សមាគមបានឧទ្ទិសដល់ការផ្សព្វផ្សាយ និងថែរក្សា វប្បធម៌ និងសិល្បៈប្រពៃណីខ្មែរ យ៉ាងសកម្មក្នុងការលើកកម្ពស់ការរួមបញ្ចូលវប្បធម៌ប្រពៃណីខ្មែរ និងសិល្បៈវប្បធម៌ពិភពលោក។ អង្គការមូលនិធិ ឌីភីប៊ី ជាអង្គការសប្បុរសធម៌ដែលឧទ្ទិសដល់ការជួយដល់ជនងាយរងគ្រោះនៅក្នុងប្រទេសកម្ពុជា បាននិងកំពុងរៃអង្គាសថវិកាដើម្បីជួយកែលម្អស្ថានភាពសុខភាព និងការអប់រំរបស់អ្នកដែលត្រូវការជំនួយ។
ដើម្បីថ្លែងអំណរគុណដល់សប្បុរសជន និងធ្វើឱ្យ “សេចក្ដីស្រឡាញ់ដ៏ធំធេងរបស់ខ្មែរ——រាត្រីសមោសរសប្បុរសធម៌” កាន់តែមានន័យ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សមាគមក្រុមប្រឹក្សាវប្បធម៌ឌីជីថលអង្គរ និងអង្គការមូលនិធិ ឌីភីប៊ី បានផ្តល់ប័ណ្ណថ្លែងអំណរគុណជូនចំពោះសប្បុរសជនដែលបានបរិច្ចាគ និងបានថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះសប្បុរសជនសម្រាប់ការចូលរួមក្នុងការអភិវឌ្ឍន៍សប្បុរសធម៌នៅកម្ពុជា។
ព្រឹត្តិការណ៍រាត្រីសមោសរសប្បុរសធម៌នេះ បានលើកឡើងក្តីសង្ឃឹមដល់កុមារជាច្រើននាក់ដែលប្រឈមនឹងជំងឺ។ “សេចក្ដីស្រឡាញ់ដ៏ធំធេងរបស់ខ្មែរ—— រាត្រីសមោសរសប្បុរសធម៌” បង្ហាញពីក្តីស្រលាញ់ និងទឹកចិត្តសប្បុរសធម៌។ នៅពេលដែលព្រឹត្តិការណ៍បានបញ្ចប់ យើងជឿជាក់យ៉ាងមុតមាំថា ថាមពលនៃសេចក្តីសប្បុរស និងសេចក្តីស្រឡាញ់នឹងបន្តលើកឡើងក្តីសង្ឃឹម និងក្តីសុបិនបន្ថែមទៀតនៅក្នុងទឹកដីនៃប្រទេសកម្ពុជា។