គណៈកម្មការបេតិកភណ្ឌពិភពលោក នៃអង្គការយូណេស្កូ (UNESCO) ក្នុងសម័យប្រជុំលើកទី៤៥ នាទីក្រុងរីយ៉ាដ (Riyadh) ប្រទេសអារ៉ាប៊ីសាអូឌីត (Kingdom of Saudi Arabia) បានសម្រេចបញ្ចូលរមណីយដ្ឋានបុរាណវិទ្យាប្រាសាទកោះកេរ ជាសម្បត្តិបេតិកភណ្ឌពិភពលោក នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣។
ក្រៅពីតំបន់ប្រជុំប្រាសាទកោះកេរនេះ កន្លងមកគណៈកម្មការបេតិកភណ្ឌពិភពលោក នៃអង្គការយូណេស្កូ (UNESCO) ក៏បានដាក់តំបន់ប្រាសាទអង្គរវត្ត (ក្នុងឆ្នាំ ១៩៩២ ផ្ទៃដី៖ ៤០,០០០ ហិកតា) ប្រាសាទព្រះវិហារ (ក្នុងឆ្នាំ ២០០៨ ផ្ទៃដី៖ ២៦៤៣ ហិកតា) និងតំបន់ប្រាសាទសំបូរព្រៃគុក (ក្នុងឆ្នាំ ២០១៧ ផ្ទៃដី៖ ៣៩,០០០ ហិកតា) ជាទ្រព្យសម្បត្តិបេតិកភណ្ឌពិភពលោកដែលត្រូវការពារផងដែរ៕
ការដាក់បញ្ចូលរមណីយដ្ឋានបុរាណវិទ្យាប្រាសាទកោះកេរ ជាសម្បត្តិបេតិកភណ្ឌពិភពលោកដោយជោគជ័យ គឺជាមោទនភាពមួយសម្រាប់កម្ពុជា។
គួរកត់សម្គាល់ថា កោះកេរ ធ្លាប់ជារាជធានីនៃអាណាចក្របុរាណរបស់កម្ពុជា ស្ថិតនៅក្នុងឃុំស្រយ៉ង់ ស្រុកគូលែន ខេត្តព្រះវិហារ ចម្ងាយប្រមាណ ៤៩ គីឡូម៉ែត្រពីទីរួមខេត្ត។ស្ថាបត្យកម្មកោះកេរត្រូវបានសាងសង់ឡើងដោយព្រះបាទជ័យវរ្ម័នទី៤ ( ៩២៨-៩៤២ នៃគ.ស) ប្រាសាទធំនៅកោះកេរមានកំពស់ ៣៥ ម៉ែត្រ មានរូបរាងពីរ៉ាមីត ៧ ជាន់ ប្រាសាទបែរមុខទៅទិសខាងលិចឆ្ពោះទៅអង្គរ បុព្វេបុរសបានសាងសង់កោះកេរ ដើម្បីបូជាព្រះត្រៃបិដកវរៈ (ព្រះត្រៃបិដក)។ កោះកេរ ដែលមានប្រវត្តិជាង ១០០០ឆ្នាំ មានប្រាសាទចំនួន ៩៦ ដែលត្រូវបានរកឃើញនៅរាយប៉ាយពាសពេញតំបន់ទេសចរណ៍។ ប្រាសាទមួយចំនួនបានដួលរលំ ខណៈប្រាសាទខ្លះទៀតនៅតែកប់ក្រោមដី។