សមាគមក្រុមប្រឹក្សាវប្បធម៌ឌីជីថលអង្គរកម្ពុជា រួមជាមួយវិទ្យាស្ថានតន្ត្រីទីក្រុងឡុងដ៍ នៅល្ងាចថ្ងៃទី០៧ ខែកុម្ភៈម្សិលមិញ បានប្រារព្ធពិធីទទួលបដិសណ្ឋារកិច្ច នៅសណ្ឋាគារ Raffles រាជធានីភ្នំពេញ។ បន្ទាប់ពីពិធីទទួលស្វាគមន៍នេះ កម្មវិធីនានានៃ «ព្រឹត្តិការណ៍សិល្បៈវប្បធម៌ កម្ពុជា-ចក្រភពអង់គ្លេស លើកទី១ ឆ្នាំ២០២៣» បានចាប់ផ្ដើមដំណើរការ ដោយមានការគាំទ្រ ពីសំណាក់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនៃព្រះរាជាណាច្រកម្ពុជា និងក្រសួងវប្បធម៌នៃចក្រភពអង់គ្លេស ជាមួយនឹងវិទ្យាស្ថានតន្ត្រីទីក្រុងឡុងដ៍។
លោកបណ្ឌិត ហ៊ឺ វីរៈ រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ, លោក Dominic Williams ឯកអគ្គរាជទូតអង់គ្លេសប្រចាំនៅកម្ពុជា, លោកឧកញ៉ា តឹង ភិពីង ប្រធានសមាគមក្រុមប្រឹក្សាវប្បធម៌ឌីជីថលអង្គរ ព្រមទាំងលោកស្រី Helen Wang មកពីវិទ្យាស្ថានតន្ត្រីទីក្រុងឡុងដ៍ បានអញ្ជើញឡើងថ្លែងសុន្ទរកថា ព្រមទាំងបានកោតសរសើរ ជាឯកច្ឆន្ទចំពោះកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរថា ជាការជួយជំរុញដ៏ខ្លាំងខ្លាសម្រាប់ការអភិវឌ្ឍវប្បធម៌ និងសិល្បៈនៃប្រទេសទាំងពីរ។ អ្នកអង្គម្ចាស់ក្សត្រិយ៍ នរោត្តម ជេណា ព្រះនាងម្ចាស់នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឋានៈជាឯកអគ្គរាជទូតនៃព្រឹត្តិការណ៍សិល្បៈនេះ ក៏បានថ្លែងសុន្ទរកថាផងដែរ។
លោកបណ្ឌិត ហ៊ឺ វីរៈ រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈថ្លែងសុន្ទរកថា
ឯកឧត្តម Dominic Williams ឯកអគ្គរាជទូតអង់គ្លេសប្រចាំនៅកម្ពុជា បានបញ្ជាក់អំពីការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងចក្រភពអង់គ្លេស ក្នុងវិស័យសិល្បៈ
ព្រះនាង នរោត្តម ជេនណា ឯកអគ្គរដ្ឋទូតនៃព្រឹត្តិការណ៍សិល្បៈវប្បធម៌ ក៏បានមានព្រះរាជសុន្ទរកថា
ក្នុងពិធីទទួលបដិសណ្ឋារកិច្ចនេះ លោកឧកញ៉ា តឹង ភិពីង ប្រធានសមាគមក្រុមប្រឹក្សាវប្បធម៌ឌីជីថលអង្គរ បានថ្លែងថា វប្បធម៌សិល្បៈខ្មែរ និងចក្រភពអង់គ្លេស បង្កប់នូវមន្តស្នេហ៍ និងអត្ថន័យយ៉ាងជ្រាលជ្រៅរៀងៗខ្លួន។ លោកបន្តថា «យើងក៏នឹងប្រើប្រាស់សកម្មភាពសិល្បៈដែលមានជាបន្តបន្ទាប់ ដើម្បីរៃអង្គាសបន្ថែមទៀតក្នុងការជួយគាំទ្រដល់ការអភិវឌ្ឍសិល្បៈ សម្រាប់អ្នកទេពកោសល្យជំនាន់ថ្មី ឱ្យបានសិក្សារៀនសូត្រនិងរីកចម្រើនបន្ថែមទៀត។ ទន្ទឹមនឹងនេះ វាក៏បង្កើតបរិយាកាសឱ្យកាន់តែប្រសើរឡើងក្នុងការផ្លាស់ប្តូរ និងការសិក្សារៀនសូត្រពីសិល្បៈសម្រាប់អ្នកស្រលាញ់វិស័យសិល្បៈវ័យក្មេង និងអ្នកសិល្បៈជាច្រើន»។
នៅក្នុងពិធីផ្ទាល់ លោក Julian Lloyd Webber តន្រ្តីករសែលឡូ(Cello) ដែលជាអតីតនាយកសាលានៃរាជបណ្ឌិតសភាតន្ត្រី នៅទីក្រុង Birmingham និងជាអ្នកដឹកនាំក្រុមភ្លេងមកពីចក្រភពអង់គ្លេស លោក Mark Messenger ដែលជាតន្រ្តីករវីយូឡុង អ្នកដឹកនាំក្រុមភ្លេង អ្នកអប់រំ និងជាប្រធានដេប៉ាតាម៉ង់ឧបករណ៍តន្រី្តខ្សែនៃរាជបណ្ឌិត្យសភាតន្ត្រីនៅទីក្រុងឡុង កញ្ញា Elly Suh ជនជាតិកូរ៉េ-អាមេរិកដែលជាអ្នកនិពន្ធ អ្នករៀបរៀងទំនុកភ្លេង និងតន្រ្តីករវីយូឡុង តន្រ្តីករវីយូឡុងថៃល្បីឈ្មោះ លោកបណ្ឌិត Akkarawat Srinarong និងកញ្ញា Ariya តន្រ្តីករសែលឡូ(Cello)ដ៏ល្បីល្បាញ អ្នកនាង Kanyapas ព្រមទាំងសិល្បករផ្សេងទៀត បានរួមគ្នាសម្តែងជូនភ្ញៀវកិត្តិយស ដែលធ្វើឱ្យបរិយាកាសនៃព្រឹត្តិការណ៍នេះ កាន់តែមានភាពទាក់ទាញ៕